ព័ត៌មានជាតិ

កម្ពុជា គ្រោងនាំអង្ករចេញទៅបង់ក្លាដេស​ ក្នុងជំហានដំបូងជាង២ម៉ឺនតោន

ភ្នំពេញ ៖ កម្ពុជា គ្រោងនាំអង្ករចេញទៅកាន់ប្រទេសបង់ក្លាដេសលើបរិមាណជំហានដំបូងចំនួន ២៥០០០តោន ក្នុង​រយៈពេលដ៏ខ្លីខាងមុខនេះស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស បានបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ ដែលស្របតាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រីកទីផ្សារស្រូវ អង្ករសម្រាប់ប្រជាជន និងប្រជាកសិករកម្ពុជា»។

សូមរំលឹកថា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនហ្គ្រីនត្រេដ មានកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករ ទៅប្រទេសបង់ក្លាដេស ដឹកនាំដោយ លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយក ក្រុមហ៊ុនហ្គ្រីនត្រេដ ដោយមានការចូលរួមពីឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុក ផ្នែកវិនិយោគ និងហិរញ្ញវត្ថុ និងលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ និង លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា៕

To Top