នយោបាយ

សម្តេចតេជោ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​ ធ្វើឡើង​ស្របពេលកំពុងកើតមាន ភាពមិនប្រក្រតីនៃសន្តិសុខសកល

ភ្នំពេញ៖​ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ធ្វើឡើងស្របពេលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខសកល និង បរិស្ថានសេដ្ឋកិច្ច។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាសុខាសៀមរាប យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើង នៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខ សកល និង បរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹ ងផ្នែកភូមិសាស្ត្រ នយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមព, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។ទន្ទឹមនេះបញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏កាន់តែបង្ហាញច្បាស់ ទាំង ទំហំ និងភាពញឹកញាប់»។

សម្តេចតេជោលើកឡើងទៀតថា ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្រប ពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំង ដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយ នៅជុំវិញពិភពលោក ។ បន្ថែមលើនេះ, ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្ថែមថានៅក្នុងបរិបទនេះ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែ សំខាន់ឡើង ក្នុងការលើកកម្ពស់ ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈ ដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។

សម្តេចថា៖ «ការលើកកម្ពស់នៃការគោរពគ្នា ទៅវិញទៅមក, ការយល់ពីគ្នាទៅវិញ ទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ផលប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់» ។

នៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន​ សម្ដេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានលើកឡើងថា ក្នុងឋានៈជារដ្ឋតូចមួយ, កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការ ដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ។

សម្ដេចតេជោ ​ជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូច គ្នានៅលើចំណុចនេះដែរ ។

សម្តេចតេជោ ក៏បានសម្តែងនូវការអបអរសាទរ ចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រ័ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ។

សម្តេចបន្តថា ខែវិច្ឆិកានេះ គឺជា វេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រ ជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ, សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩ នេះ ។ ក៏ប៉ុន្តែ, ការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើ ងចែករំលែកនូវទស្សនៈ និង យោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និង ពង្រឹងសន្តិសុខ, ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និង សកលលោក ទាំងមូល ៕

To Top