ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសថា កម្ពុជា ទទួលពានរង្វាន់លេខ១ អង្ករល្អដាច់គេនោះ គឺជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានា លើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងសហការី នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពី លោក ចាន់ សុខទី ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នាថ្ងៃទី២២ វិច្ឆិកា លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន City Rice Import Export បាននាំយក «អង្កររំដួល» កម្ពុជា ទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ»។
លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ពិតជាមានសេចក្ដីសោមនស្សរីករាយចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាននេះ ព្រោះវាជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក លើសពីនេះ ការទទួលជ័យលាភីកម្រិតពិភពលោករហូតដល់ទៅ ៥ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃអង្ករឱ្យមានគុណភាពកម្រិតស្តង់ដា រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំង និងទទួលបានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន»។
ជាមួយគ្នានេះ លោកឧកញ៉ា ឡាយ ឈុនហួ លើកឡើងផងដែរថា ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។
សូមរំលឹកថា កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧ ផងដែរ៕