ព័ត៌មានជាតិ

លោកអភិបាលស្រុកកំពង់រោទិ៍៖ ការចូលរួមធ្វើបរិស្ថានអនាម័យ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ស្វាយរៀង៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងថា ការចូលរួមធ្វើអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះឡើយ។

លោកបន្តថា ដើម្បីធានាសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និង ញែកសំរាម សំណល់រឹងផងដែរ។

ការថ្លែងបែបនេះ របស់លោកអភិបាលស្រុកកំពង់រោទិ៍ បានធ្វើឡើង ខណៈដែលលោកដឹកនាំកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ធ្វើអនាម័យបរិស្ថាននៅតាមផ្លូវនានា ក្នុងទីប្រជុំជននៃស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា។ 

លោកអភិបាលស្រុកបានបន្ថែមថា ការធ្វើបរិស្ថានអនាម័យនេះ មិនមែនធ្វើតែមួយថ្ងៃមួយទេ គឺយើងធ្វើជាប្រចាំ តែដោយសារមន្ត្រីក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិលស្ស មានកាតព្វកិច្ចរៀងៗខ្លួនបានជ្រើសរើសយក១ខែ ដើម្បីធ្វើអនាម័យម្ដងនៅតាមទីប្រជុំជននានាក្នុងស្រុកកំពង់រោទិ៍ ។

លោកបានបញ្ជាក់ថា ក្នុងទិវានេះដែរ បានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការអបរំ ផ្សព្វផ្សាយ និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អ សោភ័ណភាព ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និង ភាពស្រស់បំព្រង។

លោកបានបន្ថែមថា ដើម្បីឱ្យការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា) ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់ សស្រាំ ថែមទៀត លោកសូមណែនាំអំពីការធ្វើអនាម័យបរិស្ថាន តាមគោលដៅដូចខាងក្រោម៖

១. អាជ្ញាធរឃុំត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវប្រមូលសំរាម មិនឱ្យមានតាមដងផ្លូវ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវ នៅតាមមូលដ្ឋានរបស់ខ្លួន។ 
២. ស្ថាប័នគ្រឹះស្ថាននានា សាលារៀន វត្តអារាម និង មណ្ឌលសុខភាព សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និង ក្រៅអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និង ការកែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និង សោភ័ណភាព។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើអនាម័យបរិស្ថាន ទាំងនៅក្នុង និងជុំវិញទីតាំងរបស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពីការគ្រប់គ្រង និង ទុកដាក់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ។

៤.រមណីយដ្ឋាន មណ្ឌលកំសាន្ត កាស៊ីណូ ភោជនីយដ្ឋាន និង អាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុង សំរាមឱ្យបានគ្រប់គ្រាន់ និង ដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា។

៥. លំនៅដ្ឋាន អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាន នៅតាម លំនៅដ្ឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹង ឱ្យបាន សមស្រប តាមស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឲ្យបាននូវគុណ ភាពបរិស្ថាន សោភ័ណភាព និង អនាម័យ។

លោកបានស្នើរដល់ គ្រឹះស្ថានសាធារណៈរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្តតាមលទ្ធភាពជាក់ស្ដែងឱ្យបានជោគជ័យនូវ ស្មារតី (ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា) នេះដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ (៣កុំ ៣ការពារ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ៕

To Top