ភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នា រួចមហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤៣ ដែលបានរៀបចំ ឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់ របស់ អាស៊ាន» បានបើកសម័យប្រជុំពេញអង្គលើកទី២ ដោយបានអនុម័ត លើរបាយការណ៍នៃគណៈ កម្មាធិការជំនាញ របស់អាយប៉ាចំនួន៦ និងបានប្រគល់ទង់កិត្តិយស ជាសភាសង្កេតការណ៍ ដល់សភានៃប្រទេសជាដៃគូចំនួន៣ ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ នៅថ្ងៃទី២៣ ខែវិច្ឆិកា បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គ លើកទី២ នៃមហា សន្និបាត អាយប៉ាលើកទី៤៣ នេះ ជាមួយនឹងវត្តមាន ចូលរួមរបស់គណៈប្រតិភូសភា នៃប្រទេសសមាជិកអាស៊ាន ចំនួន៨ ប្រទេស រួមមាន សភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។
នៅក្នុងសម័យប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញ ពីរបាយការណ៍កិច្ចប្រជុំ ដោយគណៈកម្មាធិការ សមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការ សមាជិកស ភាវ័យក្មេងអាយប៉ា គណៈកម្មាធិការនយោបាយអាយប៉ា គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា គណៈកម្មាធិការ សង្គមកិច្ចអាយប៉ា និងគណៈកម្មាធិការរៀបចំអាយប៉ា ដោយសម័យប្រជុំ ពេញអង្គលើកទី២នេះ បានធ្វើការអនុម័តលើរបាយការណ៍ របស់គណៈកម្មាធិកា រជំនាញទាំង៦នេះ ផងដែរ ។
យោងតាមសេចក្តីព្រាង សេចក្តីសម្រេចរបស់គណៈកម្មាធិការជំនាញអាយប៉ាទាំង៦ គឺ ត្រូវបានគណៈកម្មាធិការនីមួយៗ បានធ្វើការពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀងៗខ្លួន កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងមក ។
សម័យប្រជុំ ក៏បានរៀបចំពិធីប្រគល់ទង់កិត្តិយស ជាសភាសង្កេតការណ៍របស់អាយប៉ា ជូនដល់សភានេប៉ាល់ សភាអាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលបានក្លាយជា សភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣នេះតទៅ។
សម្តេច ហេង សំរិន ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើង ពីសារសំខាន់និងតួនា ទីនៃស្ថាប័នសភា នៃរដ្ឋជាសមាជិកអាស៊ាន ក្នុងការចូលរួមលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញក្រោ យវិបត្តិកូវីដ១៩ ។
សម្តេចបានលើកឡើងទៀតថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។
អន្តរសភាអាស៊ាន ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែល បានប្រមូលផ្តុំនូវ មតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់ អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព ។
ប្រទេសជាសមាជិករបស់អាយប៉ា រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេ ស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម ៕