ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ស្នើក្រសួងសេដ្ឋកិច្ច លើកលែងពន្ធលើប្រាក់ចំណូល ៥ឆ្នាំបន្ថែមទៀត ដល់វិស័យស្រូវអង្ករ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តលើកលែងពន្ធ លើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្ថែមទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលផុតអាយុកាលនៃការលើកលែងពន្ធ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីបើកសន្និបាត បូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។

លោក បន្ដថា ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ ក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែង កាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិត រហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះ ទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង។ 

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងឆ្នាំ២០២២ នេះដែរក្រសួងពាណិជ្ជកម្មក៏បានខិតខំ ជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធ លើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាល នៃការលើកលែងពន្ធ តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។

លោក រដ្ឋមន្ត្រី បន្ថែមថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញ របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ ជាពិសេសជាមួយប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណ នាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១៕

To Top