ព័ត៌មានជាតិ

បញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្ម ទទួលបានអំណោយ រថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ពីសប្បុរសជន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសប្បុរសជន ក្នុងឱកាសប្រគល់-ទទួលរថយន្ត គិលានសង្គ្រោះ ចំនួន ០៥គ្រឿង ដែលជាអំណោយពីសប្បុរសជនកម្ពុជា និងជប៉ុន​ ផ្តល់ជូនអង្គភាព សម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការសង្គ្រោះនានា។

ក្នុងជំនួបសំណេះសំណាល លោក បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមក ក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជន ដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ ជានិរន្តរ៍តរៀងទៅ៕

To Top