ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឥណ្ឌូនេស៊ី ជំរុញអ្នកវិនិយោគ របស់ខ្លួនមកកម្ពុជា ដើម្បីទិញស្រូវពីកសិករ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឥណ្ឌូនេស៊ី ជំរុញអ្នកវិនិយោគរបស់ខ្លួន មកដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសម្ងួត កិន និងនាំចេញ ទៅកាន់ឥណ្ឌូនេស៊ី ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោកស្រី ពាន់ ម៉ាហារ៉ានី (PUAN MAHARANI) ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្ដិភាព លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងអំពីលទ្ធផល ក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និង លោកស្រី ប្រធានរដ្ឋសភា នៃប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ ។

ក្នុងប្រធានបទនេះ លោកស្រី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានគោរពវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា នូវការរៀបចំ និងការដឹកនាំកិច្ចប្រជុំកំពូល ក្នុងភាពជាប្រធានអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និង កិច្ចប្រជុំអាយប៉ា ទទួលបានលទ្ធផលជោគជ័យ និងបាននាំមកជូន ដល់តំបន់អាស៊ាន នូវវឌ្ឍនៈភាពយ៉ាងច្រើនទៀតផង ។

លោកស្រី ពាន់ ម៉ាហារ៉ានី ក៏បានសម្ដែង នូវសេចក្តីរីករាយជាមួយទំនាក់ទំនង រវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីក ទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋាន ដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅ នឹងការលើកឡើងរបស់ លោកស្រី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី។ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើរ រវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា ព្រមទាំងប្រជាជន និងប្រជាជន រួមទាំងការជំរុញ វិស័យទេសចរណ៍ផងដែរ ។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ស្នើឲ្យមានការពិនិត្យមើល លទ្ធភាពក្នុងការជំរុញ អ្នកវិនិយោគពីប្រទេស ឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការ សម្ងួត កិន និងនាំចេញទៅកាន់ប្រទេស ឥណ្ឌូនេស៊ី ហើយក្រុមហ៊ុន នៃប្រទេសឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវ ដែលក្រុមហ៊ុនត្រូវការផងដែរ» ៕

To Top