ព័ត៌មានជាតិ

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលគាំទ្រ ​ប្រទេស​ខ្លួន​ឱ្យក្លាយ ជាអ្នកសង្កេតការណ៍អាយប៉ា

ភ្នំពេញ ៖ លោកស្រី Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែល​បានគាំទ្រអាហ្សែរបៃហ្សង់ ឱ្យបានក្លាយជាអ្នកសង្កេតការណ៍ របស់អាយប៉ា។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឱ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា»។

លោកស្រី បន្ដថា រយៈពេល ៣ថ្ងៃ នៅកម្ពុជា លោកស្រី បានជួបពិភាក្សាការងារ និងបានសង្កេតឃើញ សក្ដានុពលកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន ។

ជាមួយគ្នានោះដែរ លោកស្រី ហ្កាហ្វារ៉ូវ៉ា ក៏បានលើកឡើងពីបំណងជំរុញ ទំនាក់ទំនងរវាងនីតិប្រតិបត្តិ ជំរុញការអនុវត្ត អនុស្សរណៈ ដែលបាន ចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញ ការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភា នៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្រប ជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសំដែងនូវការគាំទ្រ ចំពោះការលើកឡើង របស់លោកជំទាវ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕

To Top