ព័ត៌មានជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងចូលជាធរមាន នៅថ្ងៃទី១ ធ្នូ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) សម្រាប់ការនាំចេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីកូរ៉េ លោក MOON Jae-In មក កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ ។

លោករដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបាន បើកទីផ្សារ ចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា «កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត»។

គួរបញ្ជាក់ផងដែរថា៖ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមាន បន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

To Top