ព័ត៌មានជាតិ

ចាប់ពីឆ្នាំនេះ! រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យរំលឹកគុណអង្គរ

ភ្នំពេ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២នេះ តទៅ។

បើយោងតាមសារាចរណែនាំ ស្តីពី ការរៀបចំពិធីបុណ្យ “រំលឹកគុណអង្គរ”របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។

ដើម្បីឱ្យពិធី បុណ្យខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖

១- រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំង ប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកាជាដើម។ល។

២- រៀបចំសេចក្តីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ ពាក់ព័ន្ធវិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ជូនសាធារណ ជនជ្រាប ជាពិសេសយុវវ័យឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សា ការពារ លើកតម្លៃបេតិកភណ្ឌជាតិ និងចូលរួមឱ្យបានកុះករ។

៣- រៀបចំដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន និងជាពិសេសសមិទ្ធផលសម្រេច បានជាមួយដៃគូជាតិ និងអន្តរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឱ្យឃើញនូវការចូល រួមចំណែកដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។

៤- ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/ អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរ ប្រមែប្រមូលនូវធនធានបន្ថែមសម្រាប់ការរៀបចំពិធីឱ្យកាន់តែសំបូរបែប និងអធិកអធម៕

To Top