ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាអាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បញ្ឈប់ចេញសំបុត្រឆ្លងដែន បណ្ដោះអាសន្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់អាជ្ញាធរខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ឲ្យបញ្ឈប់រាល់ការចេញសំបុត្រ ឆ្លងដែនបណ្ដោះអាសន្ន ឬឯកសារឆ្លងដែនមិនប្រក្រតី ។

ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះក្រោយពីក្រសួងបានពិនិត្យឃើញថា មានរដ្ឋបាលខេត្តមួយចំនួន បានអនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមច្រកទ្វារព្រំដែនស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ខ្លន ចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីចេញ-ចូលឆ្លងកាត់ព្រំដែន ដោយមិនបាន ប្រើប្រាស់ប័ណ្ណព្រំដែនផ្លូវការ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ដែលចុះហត្ថលេខាដោយសម្ដេចស ខេង បានឲ្យដឹងថា ដើម្បីពង្រឹងរបៀបរបបការងារ និងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានត្រឹមត្រូវ ជាពិសេស ដើម្បីពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃឲ្យមានប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ រដ្ឋបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់មួយចំនួន។

កិច្ចការចាំបាច់មួយចំនួននោះ ត្រូវបានសម្ដេចបញ្ជាក់ថា «ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំរដ្ឋបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់មួយចំនួនដូចជា៖ ណែនាំអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ឬឯកសារឆ្លងដែនមិនប្រក្រតី ដែលខុសពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេស ទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥»។

សម្ដេចបន្ដថា ត្រូវជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ប្រើប្រាស់ប័ណ្ណព្រំដែន សម្រាប់ការធ្វើដំណើរ ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនផ្លូវការ ដើម្បីធានាបាន នូវសន្តិសុខ សុវត្ថិភាព និងការពារបានប្រយោជន៍ស្របច្បាប់។ ទន្ទឹមនេះ ត្រូវធ្វើការសម្របសម្រួលដល់ការ ចេញ-ចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ រស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេស ទាំងពីរ ព្រមទាំងទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ អនុលោមតាមស្មារតីកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចបន្ថែមថា ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណព្រំដែន និងជំរុញពួកគាត់មកដាក់ពាក្យ ស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ ដោយផ្ទាល់នៅអង្គភាពច្រកចេញ-ចូលតែមួយ ដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំងផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋបាលខេត្តសាមី។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីលទ្ធផលវឌ្ឍនភាពនៃ ការអនុវត្តការងារ ផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរនានា ជូនមកក្រសួងមហាផ្ទៃជារៀងរាល់ខែ ដើម្បីមានវិធានការដោះស្រាយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

To Top