ព័ត៌មានជាតិ

ទំនើបកម្មសង្គមនិយម តាមបែបផែនចិន បានយល់ជ្រួតជ្រាប ដល់និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ មានរៀបចំកម្មវិធីបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន។

ថ្លែងបើកអង្គបាឋកថា ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន២០០រូប លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេច ពីប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលបានរំលេចពីសមិទ្ធផលនានា របស់កម្ពុជាទទួលបានក្នុងកំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋ ប្រជាមានិតចិន មកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថា ចំណងមិត្តភាពចិន និងកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយ ពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ប្រទេសចិន គឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។ ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវ សម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួន គឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។

ចិនយល់ច្បាស់ណាស់ពីជម្រើស ដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក? រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហក្នុងកិច្ចសហប្រតិបត្តិការ? រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក? មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅ របស់ប្រជាជន។ ចាប់ពីឆ្នាំ២០១០មក ប្រទេសចិន គឺជាប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ ត្រូវបានគេរំពឹងថានឹងឈានដល់១១៨០០ដុល្លារនៅចុងឆ្នាំ២០២២។

ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិន សម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថា នឹងមាននិន្នាការនៅប្រមាណជា១២៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣៤០០ដុល្លារក្នុងឆ្នាំ២០២៤។ សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិន កាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមាន សមត្ថភាពសម្រេចគោលដៅ នៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រដ៏រឹងមាំ ក្នុងការសម្រេចបាន គោលដៅតស៊ូសតវត្សរ៍ទីពីរ របស់ប្រទេសចិន។

លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ បានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយ របស់បណ្តាប្រទេសដទៃទៀត ដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួន ទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិន ដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយម តាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ច និងបានបញ្ជូនកូនប្រសុរបស់ខ្លួន ទៅសិក្សានៅប្រទេសចិន លោក ឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះ នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានា នៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិន ចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិ ចំនួន៧.៦លាននាក់ ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ ចេញពីភាពក្រីក្រ កម្រិតមធ្យមនៅទូទាំងពិភពលោក។

ដោយយល់ស្របជាមួយនឹងអង្គពិធី លោកក៏បានសន្និដ្ឋានថា ការបំផុសគំនិត ដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រ ពីភាពជោគជ័យនៃមាគ៌ា របស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវ ក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួសដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top