ព័ត៌មានជាតិ

លោករដ្ឋមន្រ្តី ធនធានទឹក ចាត់ក្រុមការងារ នាំយកអង្ករ និងថវិកា ចែកជូនដល់ប្រជាការពារ ប្រមាណជាង២ពាន់នាក់ នៅទូទាំងស្រុកពញាឮ

កណ្តាល ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារ នាំយកអង្ករ និងថវិកា ចែកជូនដល់ក្រុមប្រជាការពារប្រមាណជាង២ពាន់នាក់ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៥០ គីឡូក្រាម និងថវិកា ៥០,០០០រៀល ។

នៅស្រុកពញាឮ ខេត្តកណ្តាល មានឃុំចំនួន១១ និងមានកម្លាំងប្រជាការពារចំនួន ២,០៩២នាក់ ហើយគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អំណោយ និងថវិការបស់លោក លឹម គានហោ ត្រូវបាននាំទៅប្រគល់ជូនដល់ប្រជាការពារបានចំនួន ៥ឃុំ​ហេីយ​ នៅ​សល់​៦​ឃុំ​ទៀត​ ក្រុមការងារនឹងនាំទៅប្រគល់ជូនជាបន្ត​បន្ទាប់​ ។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារចុះមូលដ្ឋាន ទទួលបន្ទុក ប្រជាការពារ ស្រុកពញាឮ រួមជាមួយគណៈកម្មាធិការ គណបក្សស្រុក ពញាឮ ក្រុមការងារ គណបក្សចុះមូលដ្ឋាន ឃុំវិហារហ្លួង និងឃុំកំពង់អុស បានធ្វើការជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាការពារ ក្នុងឃុំវិហារហ្លួង មានចំនួន ១១៤នាក់ និងឃុំកំពង់អុស មានចំនួន ១៤០នាក់ ។

នាឱកាសនេះដែរ ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់លោក លឹម គានហោ ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកពញាឮ ជូនចំពោះបងប្អូនប្រជាការពារទាំងអស់ និងបានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ប្រជាការពារតាមភូមិ ឃុំ ដើម្បីភូមិ ឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ ។

ទន្ទឹមនឹងនោះដែរ ក្រុមការងារបានផ្តល់នូវអង្ករ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកតា ហោ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ដោយប្រជាការពារម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ចំនួន ៥០,០០០រៀល៕

To Top