ភ្នំពេញ៖ ផ្លូវបេតុងចំនួន៦ខ្សែ ប្រវែង២៨គីឡូម៉ែត្រ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
សមិទ្ធផលថ្មីនេះ គឺជាជាចំណងដៃ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រោយចូលកាន់តំណែងបានរយៈពេល៧ថ្ងៃ។
ថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខូយ រីដា បានមានប្រសាសន៍ថា “សមិទ្ធផលថ្មីនេះ គឺជាយន្តការ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំអូសោមដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមនៅក្នុងស្រុក និងជាទឹកដីបៃតងដែលមានអាកាសធាតុល្អអំណោយផលពីធម្មជាតិ”។
ផ្លូវបេតុងទាំង៦ខ្សែ នេះទទួលការវិនិយោគដោយលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ក្រោមកញ្ចប់ថវិកា គុណប្រយោជន៍របស់រដ្ឋបាលខេត្ត។
ក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បាននាំយកនូវសារុងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអូសោម ចំនួន៥០០គ្រួសារ និងផ្តល់អង្ករមួយចំនួនដល់រដ្ឋបាលឃុំអូរសោម សម្រាប់ទុកជួយសម្រាលទុក្ខដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក៕