ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងបើកការដ្ឋានឆាប់ៗនេះ ដោយចំណាយថវិកាប្រមាណ ១១១,៩៨លានដុល្លារ។
នៅ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងសាងសង់ស្ពានឆ្លង ទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដូចជា៖ ណែនាំសមាសភាពក្រុមការងារ ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេស ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់ បង្កើតទំនាក់ទំនង និងសហការបានរលូន ប្រកបដោយប្រសិទ្ធភាព, ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សា គម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាង ក្រុមហ៊ុនសាងសង់, បំណែងចែកក្រុមការងារបណ្តោះអាសន្ន សម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្រប សម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះ ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង ១៦,២០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ ដែលគម្រោងនេះ នឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ៕