កំពង់ចាម៖ ក្រុមការងារអង្គភាពលទ្ធកម្ម នៃសាលាខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចុះពិនិត្យវាយតម្លៃ គម្រោងកសាង និងជួសជុលកែលម្អឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ក្នុងក្រុងកំពង់ចាម ដែលបានរងការខូចខាត ដោយគ្រោះទឹកជំនន់កាលពីឆ្នាំ ២០១៩ ។
តាមមន្ត្រីអង្គភាពលទ្ធកម្ម សាលាខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អស់រយៈកាលជាង ៣ឆ្នាំមកនេះ លោក បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ការជួសជុលកែលម្អ និងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានរងការយាយីពីគ្រោះធម្មជាតិ ទឹកជំនន់ កាលពីអំឡុងឆ្នាំ ២០១៩ ។
មន្ត្រីដដែលបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃ ២៨ខែ វិច្ឆិកា ឆ្នាំ២០២២ នេះក្រុមការងារអង្គភាពលទ្ធកម្ម សាលាខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវាយតម្លៃ គម្រោងកសាង និងជួសជុលកែលម្អឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមបណ្តោយសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម រួមដូចជា ៖ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ, បង្កាន់ដៃក្បាច់ , ជញ្ជាំងច្រាំងទន្លេ , សួនផ្កាឈូក , ក្រាលការ៉ូឡាថ្មដុស , ចាក់សាបបេតុង, ការៀបចំកែលម្អសួនច្បារ , និងការដាំដើម្បីឈើ ជាដើម។
មន្ត្រីដដែលបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ ទាំងអស់នេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម ដើម្បីផ្ដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលដែលមកទស្សនាកំសាន្ត នៅទឹកដីខេត្តកំពង់ចាម ដែលមានលម្អ ទៅដោយសួនច្បារ និងភ្លើងពណ៌ជាការលើក កម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅ ប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខ ផងដែរ៕