ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្ម ក្នុងអំឡុងពេលប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពលដំណើរការប្រឡង សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) នាពេលខាងមុខនេះ។

យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ វិច្ឆិកា បានបញ្ជាក់ថា អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។

ក្រសួង បញ្ជាក់បន្ថែមថា «សូមអំពាវនាវដល់ ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មេត្តាបង្កលក្ខណៈងាយស្រួលកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ សង្ឃឹមថា ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្ដីអំពាវនាវ របស់ក្រសួងនេះ បានល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមរំលឹកថា ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស៕

To Top