ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២២ ក្រសួង ចុះបញ្ជីរថយន្ដអគ្គិសនីកើនឡើង ៥៥៦គ្រឿង ខណៈក្រសួងលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្ដអគ្គិសនី ដើម្បីកាត់បន្ថយបំពុលបរិស្ថាន។
ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ក្រសួង ជំរុញដល់ប្រជាពលរដ្ឋប្រើប្រាស់ ម៉ូតូ ឬរថយន្ដអគ្គិសនី។ លោក បានឱ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខ អឺរ៉ុប ឈប់លក់រថយន្ដប្រើប្រាស់ដោយប្រេងឥន្ទនៈ ជំនួសមកវិញនូវរថយន្តអគ្គិសនី។
លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «តាមការកត់សម្គាល់របស់យើង ១០ខែ ឆ្នាំ២០២២នេះ យើងបានចុះបញ្ជីរថយន្ដប្រហែល ៥៥៦គ្រឿង បើប្រៀបធៀបរយៈពេល ១០ខែ ឆ្នាំ២០២១ យើងចុះបញ្ជីតែ៤១ គ្រឿង ដូច្នេះកើនច្រើនណាស់ ហើយមួយឆ្នាំៗ នឹងមានការកើនឡើង នូវរថយន្ដប្រើប្រាស់ ថាមពលអគ្គិសនីនេះឯង»។
លោក បន្ដថា ក្នុងនោះដែរ ក្រសួង ក៏ត្រូវមានការប្រយ័ត្នប្រយែងចំពោះ អាយុរថយន្ដអគ្គិសនី តើបោះចោលនៅកន្លែងណា? ដើម្បីការពារបរិស្ថាន។ លោក ក៏បានអំពាវនាវដល់វិស័យឯកជននានា មកធ្វើការវិនិយោគ កន្លែងបញ្ចូលថាមពលយានយន្តអគ្គិសនី នៅកម្ពុជា។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងថា មានក្រុមហ៊ុនចំនួន៤ ស្នើមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-ទៅសៀមរាប ។ ទោះបីយ៉ាងណាក៏ ក្រសួង ក៏មិនទាន់ទទួលលទ្ធផល ចំពោះការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ខណៈ លោក ជឿជាក់ថា នាថ្ងៃខាងមុខ កម្ពុជា នឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ទៅសៀមរាប ផងដែរ៕