ព័ត៌មានជាតិ

ក្រុមហ៊ុន៤ ស្នើទៅក្រសួងសាធារណការ ដើម្បីសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។

ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បើគេមិនទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា គេមិនយកលុយមកវិនិយោគនៅកម្ពុជាឡើយ ដោយសារតែជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា។

លោក បញ្ជាក់ថា «ក្រៅពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិទ្ធិសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ។ ប៉ុន្ដែលទ្ធផលនេះ មិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ ខ្ញុំជឿជាក់ថា ថ្ងៃមុខ យើងនឹងមានផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ផងដែរ»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងថា កម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលថ្មីៗនេះខណៈ ក្រសួង ក៏កំពុងចរចាកសាងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយចំណាយថវិកាជិត ១៧០០លានដុល្លារ ផងដែរ៕

To Top