អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែរឹងមាំ ក្នុងចំណោមប្រទេសឥស្លាម ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច ពិភពលោក។
នៅក្នុងសុន្ទរកថា បើកទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការឥស្លាម (COMCEC) នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចពិភពលោក មិនទាន់បញ្ចប់នៅឡើយទេ។
លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងាររដ្ឋ Anadolu ដែលបានលើកឡើងថា “ការរំពឹងទុកនៃវិបត្តិសេដ្ឋកិច្ចសកល កំពុងកើនឡើងនៅទូទាំងពិភពលោក ដែលបង្ហាញថា ពន្លឺនៅចុងបញ្ចប់ នៃផ្លូវរូងក្រោមដី មិនទាន់លេចចេញមកនៅឡើយទេ” ។
លោកបានបន្ថែមថា “ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើង ខណៈដែលប្រទេសឥស្លាម នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយវិបត្តិនេះទៅជាឱកាសមួយ” ។
របៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី COMCEC រួមមានការកែលម្អការដឹកជញ្ជូន និងទំនាក់ទំនង ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងប្រកួតប្រជែង ការបង្កើនផលិតភាពកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
ងាកទៅការខិតខំប្រឹងប្រែងរបស់តួកគី ក្នុងការកាត់បន្ថយវិបត្តិស្បៀងអាហារពិភពលោក លោក Erdogan បានលើកឡើងថា “យើងជឿថាការបន្តកិច្ចព្រមព្រៀងច្រករបៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងកាត់បន្ថយការឈឺចាប់ ជាពិសេស គឺបងប្អូនជនជាតិអាហ្វ្រិករបស់យើង”។
គ្រាប់ធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគជាង ១១លានតោន ត្រូវបានបញ្ជូនទៅទីផ្សារអន្តរជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់ ដែលបានចុះហត្ថលេខាកាលពីចុងខែកក្កដា ដោយតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែវិច្ឆិកា កិច្ចព្រមព្រៀងត្រូវបានបន្តរយៈពេល ១២០ ថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា