ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់៖ អគារ​មន្ទីរ​ពេទ្យ​ និងរថយន្ដសង្គ្រោះបន្ទាន់ ដែលមណ្ឌលសុខភាព​ ឃុំថ្មដា ទទួលបាននាពេលនេះ​ គឺពិតជាឆ្លើយតប តម្រូវការចាំបាច់បំផុត របស់ពលរដ្ឋ

ភ្នំពេញ៖ បន្ថែមពីលើការអបអរសាទរ ជាមួយប្រជាពលរដ្ឋ ក្នុងឃុំថ្មដា ស្រុកវាលវែង ដែលជាឃុំដាច់ស្រយាលឆ្ងាយជាងគេ ក្នុងខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ បានលើកឡើងថា រថយន្តសង្រ្គោះបន្ទាន់​ និងអគារមន្ទីរពេទ្យកំពុងសាងសង់ ដែលមណ្ឌលសុខភាព ឃុំថ្មដា ទទួលបាននាពេលនេះ​ គឺពិតជាឆ្លើយតបនឹងតម្រូវ ការចាំបាច់បំផុត របស់ប្រជាពលរដ្ឋឃុំថ្មដា។

ការលើកឡើងរបស់ លោក ខូយ រីដា បែបនេះធ្វើឡើងក្នុងឱកាស ដែលរូបលោក បានដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អមដំណើរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យទីតាំងសាងសង់អគារ សម្រាកក្រោយសង្គ្រោះ នៅមណ្ឌលសុខភាពឃុំថ្មដា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុង ស្រុកភ្នំក្រវ៉ាញ និង មណ្ឌលសុខភាពប្រមោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ដល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង ដើម្បីប្រើប្រាស់តាមតម្រូវការ ដោយក្នុងនោះ១គ្រឿង សម្រាប់មណ្ឌលសុខភាពឃុំថ្មដា និង១គ្រឿងទៀត សម្រាប់មណ្ឌលសុខភាព ដំណាក់ត្រយឹង។

បើតាមលោក ខូយ រីដា បានឱ្យដឹងថា អគារសម្រាប់អ្នកជំងឺសម្រាកទូទៅ ចំនួន១ខ្នង គឺជាអំណោយដ៏ថ្លៃថ្លារបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប។

លោក ខូយ រីដា បានគូសបញ្ជាក់ថា «សមិទ្ធផលនេះ គឺពិតជាឆ្លើយតបនឹងតម្រូវ ការចាំបាច់បំផុត របស់ប្រជាពលរដ្ឋឃុំថ្មដា ដែលបានរំពឹងទុក ជាយូរមកហើយ» ៕

To Top