ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ វិស័យឯកជន ធ្វើការលើផ្នែកទេសចរណ៍ បង្ហាញការពេញចិត្ត ចំពោះកំណើនទេសចរជាតិ នៅក្នុងឆ្នាំនេះ

ភ្នំពេញ៖ វិស័យឯកជន ធ្វើការក្នុងវិស័យទេសចរណ៍ បានបង្ហាញការពេញចិត្ត ចំពោះកំណើនភ្ញៀវទេសចរជាតិ នៅក្នុងរយៈពេល១០ខែ ចុងឆ្នាំ២០២២នេះ មានរហូតដល់ជិត៩លាន៥សែននាក់ ដែលបានចេញដើរកម្សាន្ត នៅទូទាំងប្រទេស ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា មួយរយៈចុងក្រោយនេះមានភ្ញៀវទេសចរជាតិ យ៉ាងច្រើនបានចេញដើរកម្សាន្ត នៅទូទាំងប្រទេស ដែលនេះជាសញ្ញាណល្អ សម្រាប់វិស័យទេសចរណ៍ កម្ពុជា។

លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរជាតិ បានដើរតួនាទីសំខាន់ ក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរ ក្នុងវិស័យទេសចរណ៍តែម្តង។

សំឡេង៖ «ក្នុងមួយរយៈពេលចុងក្រោយនេះ ឃើញថា ពួកគាត់បានដើរទស្សនាកុះករ ដែលបានជួយជំរុញវិស័យទេសចរណ៍នេះព្រោះថា ពេលប្រទេសយើងទើបនឹងបើកឡើងវិញ អ៊ីចឹងមិនទាន់មានភ្ញៀវទេសចរបរទេសច្រើនទេ។ ដូច្នេះការចេញកម្សាន្តរបស់ប្រជាពលរដ្ឋយើងបានជួយឱ្យអាជីវកម្ម បុគ្គលិក អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់បានមកបើកអាជីវកម្មឡើងវិញ ពួកគាត់ទទួលបានកម្រៃតាមរយៈការងារនេះ ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍យើងមានភាពធន មានលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិខាងមុខ»។

ជាមួយគ្នានោះលោកស្រីឆាយ ស៊ីវលីន ក៏បានអំពាវនាវដល់អ្នកជំនាញ និងអ្នកវិនិយោគលើវិស័យទេសចរណ៍ទាំងអស់ឱ្យត្រឡប់មកធ្វើការងារងារនេះឡើងវិញ ព្រោះកម្ពុជាកំពុងត្រូវការអ្នកជំនាញទាំងអស់នោះ សម្រាប់ត្រៀមទទួលភ្ញៀវទេចរអន្តរជាតិនាពេលខាងមុខផងដែរ។

របាយការណ៍ក្រសួងទេចរណ៍បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ មានចំនួន៩,៤៧១,០៣៤នាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុង ជាង១លាន៣០ម៉ឺននាក់ កើនឡើងជិត៦១៧ភាគរយ។

ចំណែកភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែនេះដែរ មានជាង១លាន៥០ម៉ឺននាក់កើនឡើងជាង៩៩១ភាគរយបើធៀបនឹងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២១»។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាសមានជាង៥សែន៥ម៉ឺននាក់ , ផ្លូវគោកជាង១លាននាក់, ផ្លូវទឹកជាង១០ម៉ឺននាក់។

ទីផ្សារទេសចរកំពូលទាំង១០ដែលមកកម្ពុជាច្រើនជាងគេគឺប្រទេសថៃជាង៥០ម៉ឺនាក់វៀតណាមជាង៣០ម៉ឺននាក់ ចិនជាង៧ម៉ឺននាក់ សហរដ្ឋអាមេរិកជាង៦ម៉ឺន នាក់ឡាវជាង៥ម៉ឺននាក់ ឥណ្ឌូណេស៊ីជាង៥ម៉ឺននាក់ កូរ៉េខាងត្បូងជាង៤ម៉ឺននាក់ ម៉ាឡាស៊ីជាង៤ម៉ឺននាក់ បារាំងជាង៣ម៉ឺននាក់ និងចក្រភពអង់គ្លេសជាង២ម៉ឺននាក់។ ដោយឡែកភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសវិញមានចំនួនជាង៦០ម៉ឺននាក់ កើនឡើងជាង៣០០០ភាគរយ ក្នុងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២១៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

To Top