នយោបាយ

សម្ដេចតេ​ជោ​ បញ្ជាក់​ពីគោលនយោបាយ វិនិយោគរបស់កម្ពុជា គឺត្រីណាមកមុន ចាប់យកមុនមិនប្រកាន់ត្រីតូច ឬធំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គោលនយោបាយវិនិយោគរបស់កម្ពុជា ត្រីណាមកមុន គឺចាប់យកមុន ដោយមិនប្រកាន់ត្រីតូច ឬត្រីធំឡើយ។

ក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea Cambodia របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ថា​មានជំនឿចិត្ត ជាចំណុចពិសេស នៃការរីកលូតលាស់ របស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន នៅកម្ពុជា។

សម្តេចតេជោ បានរំលឹកថា កន្លងមកនេះ មានក្រុមហ៊ុនមួយបានស្នើឱ្យសម្តេច បញ្ឈប់ការវិនិយោគ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០ តែត្រូវបានសម្តេច បញ្ជាក់ទៅវិញថា សម្តេច មិនអាចបំពានការសម្រេចរបស់សម្តេច បាននោះឡើយ។ សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀនៅកម្ពុជា មានការរីកចម្រើនជាមួយនឹងទុនកើនដល់ ៦០០លានដុល្លារ និងមានមានកម្មករបម្រើការងារ រហូតដល់ ៦ពាន់នាក់នេះ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា «គោលនយោបាយវិនិយោគរបស់កម្ពុជាគឺ ត្រីណាមកមុនចាប់យកមុន គឺមិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។

សម្តេចតេជោ ក៏បានថ្លែងកោតសរសើរភាពសុខដុម រវាងរោងចក្រមីនេបៀ និងកម្មកររោងចក្រ ដោយមិនដែលមានផ្ទុះបាតុភាព អ្វីទាំងអស់ជាមួយកម្មករ។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង។ សម្តេចតេជោ បានណែនាំរោងចក្រនានា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់ អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ៕

To Top