ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន ។
យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា “ខ្ញុំមានសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ដែលទទួលបាន នូវដំណឹងមរណភាព របស់ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតីចិន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២”។
មរណភាពរបស់ លោកអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេង នូវរដ្ឋបុរស ដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ ពេលវេលាពេញមួយជីវិត របស់ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនចិន និងវិបុលភាព នៃប្រទេសចិន។
ក្នុងអំឡុងនៃការដឹកនាំរបស់លោក ប្រទេសចិន បានទទួលការរីកលូតលាស់ សេដ្ឋកិច្ចយ៉ាងលឿន បានទទួលអធិបតេយ្យភាពហុងកុង ត្រឡប់មកវិញ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោកជាផ្លូវការ ។ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វ របស់ឯកឧត្តមអតីតប្រធានាធិបតី មិនត្រឹមតែផ្ដល់ជាគម្រូវីវៈភាព ដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការ គោរពស្រឡាញ់ពីប្រជាជន ក្នុងបណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ។
លោក ជាំង ជឺមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ឆ្នាំ២០០០ របស់ឯកឧត្តមអតីតប្រធានាធិបតី បានផ្ដល់សារៈសំខាន់ ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត តាមរយៈឯកឧត្តម ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជឺមីន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិត្យានុភាពរបស់ ឯកឧត្តមអតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រឡាញ់ជារៀងរហូត»៕