ព័ត៌មានជាតិ

ជប៉ុនផ្ដល់ថវិកាជាង ១៧ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សា នៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាចំនួន ១៧១,៦៤១ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ 

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី១ ខែធ្នូ​  ឆ្នាំ២០២២ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង រួមមាន ៖ គម្រោងសាងសង់អគារសិក្សានៅសាលាមតេ្តយ្យសិក្សា បណ្ដុះបណ្ដាលកុមារ ក្នុងក្រុងបាត់ដំបង់ ខេត្តបាត់ដំបង ថវិកាចំនួន ៧៩,៤៦៤ដុល្លារ។ ដោយឡែក គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ថវិកាចំនួន ៩២,១៧៦ដុល្លារ។

នាកាសនោះ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានសេចក្តីសោមនស្សរីករាយ ដោយសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា  លោក ក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ៕

To Top