ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្ត​ អភិបាលរាជធានី-រដ្ឋធានីអាស៊ាន ជំរុញការអភិវឌ្ឍ ឱ្យមានភាព វ័យឆ្លាតបៃតង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់អភិបាលរាជធានី-រដ្ឋធានីអាស៊ាន បន្ដបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាជំរុញ ការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង សម្រាប់បម្រើឱ្យការអភិវឌ្ឍ ប្រកបដោយចីរភាព។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ដឹកនាំដោយលោក Chadchart Sittipunt អភិបាលរាជធានីបាងកក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះលោក Chadchart sittipunt អបអរសាទរជូនចំពោះ សម្ដេចតេជោ បានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស, ទប់ស្កាត់ការរីករាល ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានយ៉ាង ជោគជ័យយ៉ាងត្រចះត្រចង់ ។

ក្នុងឱកាសនោះ លោក Chadchart sittipunt នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខាភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមន៍អាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ១៩៧៩ សម្ដេចតេជោ បានជួបប្រជាជនត្រឹមតែ ៧០នាក់តែប៉ុណ្ណោះ ប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផង និងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផង រាជធានីភ្នំពេញ បានកើនទំហំពី ៣០០គីឡូម៉ែត្រការ៉េ ទៅ ៧០០គីឡូម៉ែត្រការ៉េ និងសំណង់លើផ្ទៃដី ១ហិចតា ពី ២ពាន់ម៉ែត្រការ៉េ ដល់ ៥ម៉ឺនម៉ែត្រការ៉េ។

ក្នុងឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង និងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស សុខមាលភាពរបស់ប្រជាជន ៕

To Top