ភ្នំពេញ ៖ ក្នុងវេទិកាអភិបាលក្រុងអាស៊ាន (AMF) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលេចថា ការវិវត្តនៃឧស្សាហកម្ម៤.០ តម្រូវឲ្យមានការចិត្តទុកដាក់ បន្ថែមទៀត ក្នុងការសម្របសម្រួល ទទួលយកបច្ចេកទេស និងនវានុវត្តថ្មីៗ ។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានទទួលធ្វើជាម្ចាស់ផ្ទះ វេទិកាទាំងពីរនេះ ជាសក្ខីភាព កាន់តែច្បាស់ ពីតួនាទី ហើយការរួមចំណែកយ៉ាងសំខាន់ របស់រាជធានី និងរដ្ឋធានីអាស៊ាន រដ្ឋបាលខេត្តទីក្រុង សម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ាន ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការ រួមចំណែកកសាង សហគមន៍អាស៊ានដ៏រឹងមាំ តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ពង្រឹងនូវកិច្ច សហប្រតិបត្តិការភាពជាដៃគូ ដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមអាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់សន្តិភាព សាមគ្គីភាព ភាពសុខដុមរនា ក្នុងចំណោមទីក្រុងអាស៊ានទាំងអស់ ។
លោកអភិបាលបានបន្តថា “ប្រធានបទ សម្រាប់វេទិកាអភិបាលទីក្រុងអាស៊ាន និងកិច្ចប្រជុំរដ្ឋបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២នេះ មានលក្ខណៈសមស្របទៅនឹងមូលបទរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង៤១ ដែលបានឆ្លុះបញ្ចាំង ពីការតាំងចិត្តក្នុងការជម្រុញ និងសម្របសម្រួលកិច្ចខិតំប្រឹងប្រែង មិនត្រឹមតែដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ដើម្បីស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ត ចីរភាពនិងភាពធន ក្នុងបរិបទនៃជំងឺកូវីដ១៩ ការព្យាយាមត្រឡប់ខ្លួនរកភាពដើម មុននឹងមានវត្តមានជំងឺកូវីដ១៩ និងការសម្របខ្លួនក្នុងប្រក្រតីភាពតាមគន្លងថ្មី គឺជាកិច្ចការងារទីក្រុងយើងត្រូវធ្វើឡើងទទឹមគ្នា “។
លោក ឃួង ស្រេង មានប្រសាសន៍ថា “នៅពេលនេះការមកនៃការវិវត្តនៃឧស្សាហកម្ម ៤.០ ក៏តម្រូវឲ្យមានការចិត្តទុកដាក់បន្ថែមទៀត ក្នុងការសម្របសម្រួល ទទួលយកបច្ចេកទេស និងនវានុវត្តថ្មីៗ ជាពិសេសការចាប់យកនវានុវត្តភាព នៃបរិវត្តកម្មឌីជីថលដើម្បីទាញយកអត្ថប្រយោជន៍ ជាអតិបរមាក្នុងដំណាកកាល” ។
ជាមួយគ្នានោះ លោកអភិបាលបានបញ្ជាក់បន្ថែមថា“ការកើតឡើងភាពស្មុកស្មាញ នូវការប្រឈមចំពោះសន្តិសុខ មិនមែនជាប្រពៃណី តួរយ៉ាងការរាតត្បាតនៃជំងឺ ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គួបផ្សំនៃល្បឿនបដិវត្តឌីជីថល បានបង្វែលការយកចិត្តទុកដាក់របស់យើង ដែលមិនមែនផ្តោតលើកង្វល់ ចំពោះមុខ និងការឆ្លើយតបបែបប្រតិកម្មមួយមុខឡើយ ប៉ុន្តែទាមទារឲ្យយើងគិតគូរទុកជាមុន ចំពោះព្រឹត្តិការណ៍ដែលនឹង កើតមានឡើងជាយថាហេតុ” ។
គួរឲ្យដឹងថា វេទិកាអភិបាលក្រុងអាស៊ាន បានធ្វើឡើងដោយមានការដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាម្ចាស់ផ្ទះរៀបចំ និងលោកស្រីបណ្ឌិត Bermadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASPAC និងAMF ៕