កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ គណៈកម្មការរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក ឡៅ ឈីវអ៊ាវ លោកស្រី ម៉ា សូយ៉ិនដា តំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំ គ្រប់គ្រង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងគោលបំណងលើកកម្ពស់ ការថែទាំសុខភាព ក្នុងកំឡុងពេលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ចាម ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធផលល្អប្រសើរ ។
ចំពោះគណៈកម្មការ ដែលបានរៀបចំនោះ មានតួនាទីភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុង ពេលមុនដំណើរការ និងពេលដំណើរប្រឡង និងមានអនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ និងសុខុមាលភាព ប្រចាំការ នៅតាមបរិវេណខាងក្រៅមណ្ឌលសំណេរនីមួយៗ ដឹកនាំអនុវត្តវិធានការ សុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារ សុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា កើតឡើងជាយថាហេតុ។
សម្របសម្រួលកម្លាំងចូលរួមដឹកជញ្ជូន និងរក្សាដាក់ហឹបវិញ្ញាសា និងកិច្ចការបេក្ខជន រៀបចំប្រជុំជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្ត និងអ្នកពាក់ព័ន្ធអំពីស្ថានភាពមណ្ឌល និងចាត់កម្លាំងទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនិងការប្រឡង តាមគ្រប់រូបភាព ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្ម ថតចម្លងចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡង ពិសេស នៅជុំវិញបរិវេណ មណ្ឌលប្រឡងជួយជំរុញឱ្យ សម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគ ពេលធ្វើដំណើរទៅមណ្ឌលប្រឡង ជួយសម្របសម្រួលសំឡេង រំខានបណ្ដាល មកពីក្នុងកម្មវិធី និងសកម្មភាពផ្សេងៗ នៅជុំវិញបរិវេណមណ្ឌលប្រឡងផងដែរ។
លោក ឡៅ ឈីវអ៊ាវ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេស បានយកឱកាសនោះ ថ្លែងកោតសរសើរ និងថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី ដែលបានរួមគ្នាសហការធ្វើការ ទទួលបានជោគជ័យ ក្នុងការរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំកន្លងមក ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា ប្រការដែលសិស្សបានប្រឡងជាប់និទ្ទេសល្អបានច្រើន គឺមិនមែនមានគុណសម្បត្តិតែ ចំពោះសិស្សនោះទេ ពោល គឺជាគុណសម្បត្តិរបស់ជាតិយើងទាំងមូល ពីព្រោះឪពុកម្ដាយសិស្សក៏មានគុណសម្បត្តិ អ្នកគ្រប់គ្រងជាគ្រូបង្រៀន ក៏មានគុណសម្បត្តិ ហើយលើសពីនោះ ជាគុណសម្បត្តិគ្រប់ស្ថាប័នទាំងអស់ ដែលចេញពីក្រសួងអប់ រំសុទ្ធតែមានគុណភាពផងដែរ ។ ដូច្នេះគណៈកម្មការទាំងអស់ ត្រូវបន្តខិតខំ រៀបចំកិច្ចការប្រឡង នេះឲ្យបានកាន់តែប្រសើរថែមទៀត ៕