ព័ត៌មានជាតិ

អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តោតលើវិស័យអាទិភាព៦ ក្នុងក្របខណ្ឌទីក្រុងឆ្លាតអាស៊ាន

ភ្នំពេញ៖​ សេចក្តីថ្លែងការណ៍រួមគ្នា ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) បានផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋនិងសង្គម សុខភាពនិងសុខមាលភាព សុវត្ថិភាពនិងសន្តិសុខ បរិស្ថានដែលមានគុណភាព ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ និងឧស្សាហកម្មនិងនវានុវត្តន៍។

នៅក្នុងចំណុចទី១ ក្នុងចំណោម៦ចំណុច ក្រោយកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការជុំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព”​ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថា រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវ៖
១ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្រេចបានសគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តពេញលេញ នៃគម្រោងសាកល្បងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដោយផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋនិងសង្គម សុខភាពនិងសុខមាលភាព សុវត្ថិភាពនិងសន្តិសុខ បរិស្ថានដែលមានគុណភាព ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ និងឧស្សាហកម្មនិងនវានុវត្តន៍។

២ លើកកម្ពស់ភាពជាដៃគូរវាងទីក្រុងនិងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទីក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត ដោយចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍តាមរយៈការបង្កើតអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង/ឬគម្រោងកិច្ចសហការផ្អែកលើកកម្មវិធីណាមួយ ក្នុងការធ្វើផែនការ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃទីក្រុងឆ្លាត ព្រមទាំងការផ្ទេរភាពឆ្នៃប្រឌិតនៃបច្ចេកវិទ្យា ដែលអនុញាតិដល់ការរស់នៅឆ្លាត របៀបរស់នៅប្រកបដោយចីរភាព និងទីក្រុងដែលមានភាពធន់ រួមជាមួយនឹងកំណើនប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា ។

៣ លើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ពួកគេនូវជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជុំរុញការចាប់ផ្តើមអាជីវកម្មបៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍ ដើម្បីបម្រើដល់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំដោយធានាឯកជនភាព និងសន្តិសុទិន្នន័យ ព្រមទាំងការយល់ដឹងពីគ្នាទៅវិញទៅមកអំពីភាពចម្រុះនៃវប្បធម៌របស់ទីក្រុងនីមួយៗ

៤ ធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយនឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន សម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គមវ័យចំណាស់នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ានមួយចំនួន តាមរយៈការគាំទ្រដល់តម្រូវការរបស់មនុស្សចាស់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត ដើម្បីសាងសង់ទីក្រុងដែលមានភាពធន់នឹងសង្គម
៥ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពឆ្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ការដឹកជញ្ជូននិងភស្តុភារ ផែនការនិងការគ្រប់គ្រងការផ្លាស់ទីលំនីថ្មីរបស់ពលរដ្ឋ ក្នុងចំណោមបញ្ហាផ្សេងៗទៀត និង
៦ បន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពរស់អាស៊ានសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះដែលបានដាក់ចេញ ៕

To Top