ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព ។
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នាថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស មានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ។
សម្ដេចបន្តថា នាយកដា្ឋនសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្ត កម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណ សំគាល់ពិការភាពជូន ជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)។
សម្ដេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណា ឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន គុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមាន ការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាព ក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ ។
សម្ដេចតេជោបន្ថែមថា ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបាន ការអប់រំនិងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយដ៏មាន សារៈប្រយោជន៍និងនិរន្តភាព។
សម្ដេចប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ សង្កត់ធ្ងន់ថា «ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព»។
បន្ថែមលើសពីនេះទៀត សម្ដេចក៏បានស្នើឱ្យមានការគិតវិភាគ ប្រភេទអាជីវកម្មនិងមុខរបរដែល សមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពី ឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្មនិងការចាប់ផ្តើម ធ្វើធុរកិច្ចដោយខ្លួនឯង ៕