ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ជាង៣ពាន់នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួន
៣,៤៥៧នាក់ នៃខេត្តកណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា។

តាមការឲ្យដឹង ពីលោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តបានអោយដឹងថា ការអញ្ជើញសំណេះសំណាល របស់សម្ដេចតេជោនាពេលនេះ គឺបានបង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្ដាលទាំងមូល។

លោកក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ ខេត្តកណ្ដាល រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅខេត្តកណ្ដាល។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោក ម៉ៅ ភិរុណ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននឹងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះឱ្យខេត្តកណ្ដាល នៅក្នុងថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះ ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗ មួយចំនួនគួរអោយកត់សម្គាល់ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃ ការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញ នូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូន ប្រជាពលរដ្ឋដែលបាន បង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹង គ្រោះមហន្តរាយបានទាន់ពេលវេលា។ ភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន២០២២ នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមាន តួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ អោយអស់នូវភាពអសកម្មនានា។

អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា និងលើកទឹកចិត្ត អោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហា ជម្លោះរបស់ប្រជាពលរដ្ឋ តាមបែបក្រៅ ប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុង ខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក ៕

To Top