ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម លក់សម្ភារៈ សិក្សាគ្រប់ប្រភេទ ក៏ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង បិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ចំពោះសេវាកម្ម ស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួល ថ្លៃសេវាកម្ម ផងដែរ។
យោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកឱ្យការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយ សាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ០៥មណ្ឌល នៅក្នុងខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជូនដំណឹង និង ណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្ម ជុំវិញបរិវេណមណ្ឌលប្រឡង និងប្រតិបត្តិករទេសចរណ៍ដែលជា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ដូចខាងក្រោម៖
១-ផ្អាកជាបណ្តោះអាសន្នចំពោះ ទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារ សិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
២-ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។
៣-ចំពោះទីតាំងអាជីវកម្ម ដែលមិនស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខាន ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការនៃ ការប្រឡងរបស់បេក្ខជន។
៤-សេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាកម្ម ស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួល ថ្លៃសេវាកម្ម ចំពោះអនុរក្សនិង សិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការ ប្រឡងសញ្ញាបត្រ សិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់ មេត្តាជ្រាប និងមានការយោគយល់ ហើយផុតរយៈពេលនេះបងប្អូនអាជីវករ បើកប្រកបអាជីវកម្មជាធម្មតាឡើងវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ស្នងការដ្ឋាននគរបាល ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងពោធិ៍សាត់ មន្ទីរជំនាញពាក់ព័ន្ធ និងបងប្អូនអាជីវករទាំងអស់ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕