ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែធ្នូ ២០២២ បានអញ្ជើញជួបជាមួយប្រជាកសិករ នៅភូមិផ្ទះកោះ ភូមិពោធិ៍ពីរ ភូមិចំការតាពោរ ឃុំស្រែស្តុក ស្រុកកណ្តៀង ដើម្បីពិនិត្យនូវការបង្កបង្កើនផល ដំណាំស្រូវ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ដល់ជូនស្រូវពូជដើម្បីស្តារឡើងវិញ ក្រោយពីទទួលការរងគ្រោះដោយ ជំនន់ទឹកភ្លៀង ។

ក្នុងទឹកមុខញញឹមសើចសប្បាយ រីករាយ ប្រជាកសិករទាំង៣ភូមិ ព្រមទាំងលោក ខូយ រីដា អភិបាលខេត្តពោធ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូ ពីទុកលំបាករបស់ពួកគាត់គ្រប់ ពេលវេលា ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ សម្តេចក៏បានផ្តល់ស្រូវពូជជាបន្តបន្ទាប់ សរុបចំនួន៥៣៣,៦០០គីឡូក្រាម ស្មើនឹង៥,៣៣៦គ្រួសារ ដើម្បីយកមកធ្វើការដាំដុះ ស្តារឡើងវិញជាបន្ទាន់ និងបន្ទាប់ពីទឹកស្រក ក្នុងការឆ្លើយតបទៅនឹងការខូចខាត ដំណាំស្រូវ ដែលរងគ្រោះដោយសារទឹកជំនន់។

ទាំងប្រជាកសិករ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពី សុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំន ន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញ បានទាន់ពេលវេលា ។

សូមជម្រាបជូនថា សម្រាប់ផ្ទៃដីស្តារឡើងវិញ ទូទាំងស្រុកកណ្តៀង មានចំនួន០៨ឃុំ លើផ្ទៃដីសរុប១,៦៧៤ហិកតា ស្មើនឹង១,៧៨៨គ្រួសារ ទទួលស្រូវពូជ១៥៤តោន ៨០០គីឡូក្រាម។ ក្នុងនោះឃុំស្រែស្តុក ស្រុកកណ្តៀង មានចំនួន ១៣ភូមិ ស្មើនឹង២០៦គ្រួសារ មានផ្ទៃដីស្តារសរុប២១៨ហិកតា និងទទួលបានស្រូវពូជ ២០តោន ៦០០គីឡូក្រាម។ ផ្ទៃដីស្តារឡើងវិញ ទូទាំងស្រុកកណ្តៀង សម្រេចបាន១០០%ហើយ ៕








