ព័ត៌មានជាតិ

អភិបាលរាជធានី បញ្ជាក់ថា កិច្ចប្រជុំ MGMAC និង AMF 2022 សម្រេចបានឯកសារ ជាប្រវត្តិសាស្ត្រ ២ច្បាប់

ភ្នំពេញ៖ ក្រោយបិទបញ្ចប់ដោយជោគជ័យ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ សម្រេចបាននូវឯកសារជាប្រវត្តិសាស្ត្រចំនួន ២ច្បាប់ រួមមាន សេចក្តីប្រកាសរួម កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និង សេចក្តីថ្លែងការណ៍ វេទិកាអភិបាលក្រុងអាស៊ាន ឬហៅថាសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ 

ថ្លែងក្នុងពិធីបិទវេទិកា អភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង បានលើកឡើងថា អង្គវេទិការបានដំណើរការ ពិភាក្សាយ៉ាងស៊ីជម្រៅ អំពីសារៈសំខាន់ និងភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការល្អ ក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ាន ក្នុងន័យជំរុញឱ្យសម្រេចបាន ទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេស នៅចំពោះមុខបរិបទ នៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកល បង្កឡើងដោយជំងឺកូវីដ-១៩។

លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានការអនុម័តជាឯកច្ឆ័ន្ទ លើឯកសារជាប្រវត្តសាស្ត្រចំនួន២ច្បាប់ រួមមានសេចក្តីប្រកាសរួម កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ចំណុច និងសេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន ឬហៅថាសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ឆ្នាំ២០២២ ដែលមានខ្លឹមសារ១៦ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។

លោកអភិបាលរាជធានីភ្នំពេញ បន្តលើកឡើងថា ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យ របស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ី បានក្លាយជាប្រធានប្តូរវេន នៃ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ានAMF នៅឆ្នាំ២០២៣ខាងមុខ ដោយបានប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើន នៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕

To Top