ព័ត៌មានជាតិ

Update៖ សម្ដេចតេជោ ហ៊ុន សែន បង្កើតមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបង្កើតមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ (ម.ក.គ.ម) សម្រាប់គ្រប់គ្រងថវិកា ក្នុងការបោសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលគាំទ្រគោលដៅកម្ពុជាអស់មីន ឆ្នាំ២០២៥។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ធ្នូ​ នេះ បញ្ជាក់​ថា ម.ក.គ.ម មានប្រភពធនធានពី វិភាគទាន់ដំបូងជាថវិការដ្ឋមានទំហំ ១២៣,១៨០លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ, និងវិភាគទានថវិការដ្ឋសម្រាប់ឆ្នាំ២០២៣, ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្តែង និងវិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែល បានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំផែនការសកម្មភាពការងារ ដែលត្រូវប្រើប្រាស់ប្រភពមូលនិធិ ម.ក.គ.ម-២០២៥ ដោយមានបញ្ជាក់ពីទីតាំង ទំហំផ្ទៃដីដែលត្រូវបោសសំអាត និងប្រតិទិនការងារ ព្រមទាំងរបាយការណ៍សមិទ្ធកម្ម នៃការអនុវត្តសកម្មភាពការងារ។ ផែនការសកម្មភាពនេះ ជាកម្មវត្ថុនៃការសម្រេចរបស់នាយករដ្ឋមន្ត្រី តាមសំណើរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

សូមរំលឹកថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕

To Top