ព័ត៌មានជាតិ

អគ្គលេខាធិការ​សមាគមទីក្រុង​ ប្រចាំតំបន់អាស៊ីប៉ាហ្វិក​ថា បើគ្មានការដឹកនាំត្រឹមត្រូវ មិនអាចរៀបចំកិច្ចប្រជុំធំ២ ក្នុងពេលតែមួយបានល្អនោះទេ

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ក្រោយបញ្ចប់កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF 2022 )នៅរសៀលថ្ងៃទី៣ធ្នូលោកស្រីបណ្ឌិត អ៊ីរ៉ាវ៉ាទី ជិនដ្រាដេវី អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឲ្យរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំធំ២​​ ក្នុងពេលតែមួយ បានដោយជោគជ័យបំផុត ។

ក្នុងជំនួបនោះ​លោកស្រី បានកោតសរសើរដោយស្មោះអស់ពីចិត្ត និងមានប្រសាសន៍ថា ព្រោះបើគ្មានការដឹកនាំត្រឹមត្រូវ និងច្បាស់លាស់ទេ កិច្ចប្រជុំដែលមានសារសំខាន់ទាំង២នេះ មិនអាចដំណើរការបានទេ ។

លោកស្រីគូសបញ្ជាក់ថា​ ទោះបីកិច្ចប្រជុំទាំង២ខាងលើមានរយេះពេលខ្លី តែអភិបាលក្រុងឬតំណាងទីក្រុងនានា​ មកពីតំបន់អាស៊ាន បានចូលរួមពិភាក្សា និងផ្តល់បទពិសោធន៏ ដ៏មានតំលៃសំរាប់ការអភិវឌ្ឍន៏ទីក្រុង។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ ជាពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជ ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបើកកិច្ចប្រជុំ និងបានផ្តល់អនុសាសន៍ដ៏មានតំលៃ ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ក្នុងការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់និងមានចីរភាព​ ប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី។

លោកស្រីអ៊ីរ៉ាវាទី ក៏បានបន្ថែមទៀតថា នៅពេលខាងមុខអភិបាលក្រុងរបស់អាស៊ាន អាចពិភាក្សាការងារជាមួយចិន បូកឥណ្ឌា បូកកូរ៉េ បូកជប៉ុនទាំងពហុភាគី និងទ្វេភាគីថែមទៀត។

ជាការឆ្លើយតប លោក ឃួង ស្រេង បានមានប្រសាសន៍ថា លោកមានមោទកភាពតាមរយៈវេទិកា AMF និងកិច្ចប្រជុំMGMAC 2022 ហើយឆ្លងតាមកិច្ចប្រជុំទាំង២ខាងលើ បានផ្តល់បទពិសោធន៍ជាច្រើន ដល់ការអភិវឌ្ឍន៍ទីក្រុង និងបញ្ហាប្រឈមមួយចំនួន ទាំងទីក្រុងអភិវឌ្ឍន៍ និងទីក្រុងមិនទាន់អភិវឌ្ឍន៍​ ក្នុងតំបន់អាស៊ានរបស់យើង។

លោកអភិបាលរាជធានី ក៏បានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់លោកស្រីអ៊ីរ៉ាវាទី ជិនដ្រាដេវី និងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍ទីក្រុងពី បទពិសោធន៏ល្អៗ ដែលលោកស្រីមាន ក៏ដូចអភិបាលរាជធានី និងរដ្ឋធានីអាស៊ានដទៃទៀតដែរ៕

To Top