ព័ត៌មានជាតិ

ការប្រឡងបាក់ឌុប បានចាប់ផ្ដើមដំណើរការ ហើយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកហឹបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ប្រឡង បាក់ឌុប ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៧ ធ្នូ ខាងមុខ។ ដោយឡែក បណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាស នាថ្ងៃទី២៨ ធ្នូ ព្រមទាំង មានការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ ផងដែរ៕

To Top