ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ រីករាយដែលសិស្សផ្លាស់ប្ដូរ ឥរិយាបថ ​ពីបើកចម្លងគ្នា មកប្រឡងឈរលើចំណេះដឹង ខ្លួនឯង

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ដែលបានផ្លាស់ប្ដូរឥរិយាបថពីការមកប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។

សូមរំលឹកថា​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់។

នាអញ្ជើញបើកហឹបវិញ្ញាសារប្រឡងបាក់ឌុប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន បានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡង ផងដែរ។ លោក ជឿជាក់ថា ដំណើរការប្រឡងឆ្នាំនេះ នឹងដំណើរការរលូន។

លោក បន្ដថា ចំពោះប្រធានវិញ្ញាសារប្រឡងឆ្នាំនេះ គឺក្រសួងរក្សាស្ដង់ដារដដែល ដូចបណ្ដាឆ្នាំមុនៗ។ ចំពោះការរៀបចំទុកដាក់ វិញ្ញាសារប្រឡង វិញ ក្រសួងមិនឱ្យបែកធ្លាយឡើយ ព្រោះថា អ្នករៀបចំ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន នឹងទទួលបានជោគជ័យ។ លោក បន្ថែមថា ចំពោះអ្នកជាប់និទ្ទេស ឆ្នាំនេះ លោកមិនទាន់ហ៊ានប៉ានស្មានឡើយ។

លោក រដ្ឋមន្ដ្រី បញ្ជាក់ថា «អ្វីដែលយើងសប្បាយចិត្ត សិស្សានុសិស្សរបស់យើង គាត់ខិតខំប្រឹងប្រែងរៀនសូត្រ គាត់ផ្លាស់ប្ដូរឥរិយាបថពីការមកប្រឡងបើកចម្លង មកប្រឡងឈរទៅលើមូលដ្ឋានចំណេះដឺងរបស់គាត់ ហើយគ្រូ ក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើន ខំប្រឹងរៀន ដើម្បីបាននិទ្ទេសA ដើម្បីបានជួបសម្ដេច»។

លោក បន្ដទៀតថា ចំពោះនាយកសាលាណា មានសិស្សជាប់និទ្ទេសA ច្រើនជាងគេ គឺនឹងក្លាយជាសាលារៀនល្អ ព្រមទាំង ទទួលបានពាន កត្តាទាំងនេះហើយ ទើបធ្វើឱ្យសាលាមានការខិតខំប្រឹងប្រែង។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕

To Top