ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញបើកវិញ្ញាសារ ប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំគណៈអភិបាលខេត្ត កងកម្លាំង និងមន្ត្រីរាជការខេត្ត ចូលរួមជាមួយប្រតិភូក្រសួងអប់រំ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យពោធិ៍សាត់។

លោក ខូយ រីដា បានគួសបញ្ជាក់ថា «ឆ្នាំនេះ ការប្រឡង មានសភាពហ្មត់ចត់ និងមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយរំពឹងថាទទួលបានគុណភាពល្អប្រសើរ ព្រោះដោយសារមានការចូលរួម ពីគ្រប់អង្គភាព មានសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងសមាគម និងអង្គការសង្គមស៊ីវិល ជាអ្នកសង្កេតការណ៍»។

ក្នុងនាមអភិបាលខេត្ត លោក ខូយ រីដា បានជូនពរបេក្ខជន ទាំងអស់ ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ខែធ្នូឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

សូមរំលឹកថា ការប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរប្រឡង ចំនួន ២៧ ៧៥៣ នាក់។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៧ ធ្នូ ខាងមុខ។ ដោយឡែក បណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាស នាថ្ងៃទី២៨ ធ្នូ ព្រមទាំង មានការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ ផងដែរ៕

To Top