ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុបមានសណ្ដាប់ធ្នាប់ល្អ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៥ ធ្នូ នេះ ថា «វិញ្ញាសាទី១ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម»។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕

To Top