ភ្នំពេញ៖ រកឃើញបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ ឈ្មោះ វ៉ាន់ សុខឿន ភេទស្រី ក្នុងខេត្តឧត្តរមានជ័យ កើតជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅបន្ទប់ ប្រឡងដាច់ដោយឡែក ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះ បញ្ជាក់ថា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់ បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។
សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕