ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប បេក្ខជន ៥នាក់ មានបញ្ហាសុខភាព ក្នុងអំឡុងពេលប្រឡង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានបេក្ខជនចំនួន ៥នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី មានបញ្ហាសុខភាព នៅក្នុងពេលដំណើរសំណេរការប្រឡង ។

បើតាមក្រសួងអប់រំ បានឲ្យដឹងថា ក្នុងចំណោមបេក្ខជន ដែលមានបញ្ហាសុខភាពនោះ មានបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ជាមួយគ្នានោះក្រសួងអប់រំ ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ។

សូមបញ្ជាក់ថា ក្រសួងអប់រំ បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ៕

To Top