ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ានី​ បដិសេធ​ដាច់​អហង្ការ​ចំពោះការ​បង្ហោះ​សាររបស់ជនអគតិថា ស.ស.យ.ក រៀបចំបញ្ជីរាយនាមសមាជិកខ្លួន ត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ក្រោយជនអគតិមួយចំនួន បង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាម សមាជិក-សមាជិការបស់ខ្លួន ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ផ្ញើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន ម៉ានី នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់​ថា លោក មានការភ្ញាក់ផ្អើល និងមានការសោកស្តាយជាខ្លាំង ចំពោះមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន បង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ត្រូវប្រឡងបាក់ឌុបផ្ញើរទៅក្រសួងអប់រំ។

លោកប្រធាន បញ្ជាក់ថា «ផ្អែកលើព័ត៌មាននេះ ខ្ញុំ សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក អ្នកចេះគឺជាប់»។

ក្នុងនាមជាប្រធាន ស.ស.យ.ក និងជាពលរដ្ឋមួយរូប លោក ប្រធាន ក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់។ លោក ក៏បានបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា «យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយយើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប»។

សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរប្រឡង ចំនួន ២៧ ៧៥៣ នាក់៕

To Top