ព័ត៌មានជាតិ

CMH ស្នើស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើការផ្សព្វផ្សាយលក់បារី​ អេឡិចត្រូនិក តាមបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក (Vape) តាមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀនផលិតផលថ្មីនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី៥ ធ្នូ បាន​ឱ្យ​ដឹង​ថា «ខណៈដែលការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬគេតែងស្គាល់ថាវេប (Vape) នៅតែបន្តកើតមាន តាមរយៈបណ្តាញព័ត៌មានសង្គម អង្គការចលនាដើម្បីសុខភាពកម្ពុជា ស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតឹងរឹង ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀនផលិតផលថ្មីនេះ»។

CMH បន្ដថា ផលិតផលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយ។ តាមរយៈការសង្កេតតាមដានជាប្រចាំ បានរកឃើញថា បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook Tik Tok និង Telegram ជាដើម នៅតែជាឧបករណ៍សម្រាប់ជនខិលខូចប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយលក់ បង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ ក្នុងនោះផងដែរ យើងក៏មានឃើញតារាមួយចំនួនដែលកំពុងតែបង្ហាញពីការប្រើប្រាស់ផលិតផលទាំងនេះដោយមិនខ្វល់ពីផលប៉ះពាល់ ក៏ដូចជា ធ្វើជាគម្រូមិនល្អសម្រាប់អ្នកគាំទ្រដែលសុទ្ធសឹងជាយុវជន និងកុមារ។

សកម្មភាពនេះ បានចុះថមថយមួយរយៈខណៈដែលអាជ្ញាធរមានសម្មត្ថកិច្ច មានវិធានការចុះចាប់និងធ្វើកិច្ចសន្យាជាមួយអ្នកប្រព្រឹត្តកុំអោយបន្តទៀត។ ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ សកម្មភាពលក់និងចែកចាយបារីអេឡិចត្រូនិកនេះ ហក់ឡើងវិញ តាមបណ្តាញព័ត៌មាន សង្គម។ បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ នីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។

ប្រភព ដែល បន្ថែមថា យ៉ាងណាមិញ បើយោងតាមលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញដូរបារីអេឡិចត្រូនិកនៅក្នុងសាលារៀន បានបង្ហាញឱ្យឃើញថា យុវជន និងកុមារ ដែលជាសិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ ដូច្នេះ វត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគតពួកគេ។ យុវជន និងកុមារជាអនាគតធនធានមនុស្សរបស់ប្រទេសជាតិ ចុះបើអនាគតពួកគេត្រូវបានបំផ្លាញ តើអនាគតប្រទេសជាតិនឹងទៅជាយ៉ាងណា?

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ការធ្វើអាជីវកម្ម និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

To Top