ភ្នំពេញ៖ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចំអកឱ្យក្រុមអ្នកវិភាគ ក៏ដូចជាបក្ខពួករបស់អ្នកប្រឆាំងមួយចំនួន ដែលបានរិះគន់ លើការតែងតាំងមន្រ្តី ក្នុងជួររាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ក្នុងមួយរយៈកាលចុងក្រោយនេះ។
លោក ខៀវ កាញ្ញារីទ្ធ បានចោទជាសំនួរទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា « តិចជាមនុស្សបង្កប់ របស់សម្ដេចតេជោ ហ៊ុនសែន ទេដឹង»។
ការលើកឡើងរបស់ លោក ខៀវ កាញ្ញារីទ្ធបែបនេះ ធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងមួយក្ដាប់តូច បានធ្វើការរិះគន់យ៉ាងចាស់ដៃ លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតែងតាំងមន្រ្តី នៅតាមអង្គភាព ស្ថាប័ន ក្រសួងនានា ក្នុងនោះរួមមានទាំង អតីតមន្រ្តីបក្សក្រៅរាជរដ្ឋាភិបាលមួយចំនួន ដែលបានសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីររូប គឺលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ រួមទាំងអតីតអ្នកតំណាងរាស្រ្ត អតីតគណបក្សសង្រ្គោះជាតិ លោក ដាំ សិទ្ធ សុទ្ធតែទទួលបានតំណែង ជាទីប្រឹក្សារាជរដ្ឋាភិបាល និងរដ្ឋលេខា/អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្រោយបានស្នើសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «ឃើញគេខឹងព្រោះតែងតាំង អ្នកធំច្រើនពេក តាមពិតបើស្អប់ ហ៊ុន សែន គួរជំរុញអោយតែងតាំង អោយបានច្រើនថែមទៀត ដើម្បីខ្ជះខ្ជាយថវិកាជាតិ ឆាប់រលំ ។ ហេតុអីទៅរិះគន់វិញ ? តិចជាមនុស្សបង្កប់របស់ ហ៊ុនសែន ទេដឹង ?» ៕