ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី ប្រកាសដល់អ្នកស្រុករាប់ពាន់នាក់ នៅកោះជ្វា ឲ្យប្រុងប្រយ័ត្នខ្ពស់ ក្រោយពីមានករណីផ្ទុះដ៏ខ្លាំងក្លា របស់ភ្នំភ្លើង នៅលើដែនកោះនេះ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ អ្នកស្រុករាប់ពាន់នាក់ នៅកោះជ្វាភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានអាជ្ញាធរប្រកាសអាសន្ន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លា នៅភ្នំភ្លើងខ្ពស់បំផុត របស់កោះនេះ ដោយបានជំរុញឱ្យអាជ្ញាធរដាក់តំបន់គ្មានមនុស្សពី៨ គីឡូម៉ែត្រ និងបង្ខំឱ្យជម្លៀសភូមិទាំងមូល ។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះខេត្ត បានដាក់ពង្រាយក្រុម ទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅជិតភ្នំ Semeru ដើម្បីវាយតម្លៃការខូចខាត ដោយមានភ្លៀងធ្លាក់តិច បានផ្តល់ការសង្គ្រោះខ្លះៗ ។ លោក Tholib Vatelehan អ្នកនាំពាក្យ Basarnas បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះ ។

លោកបានលើកឡើងថា “កាលពីម្សិលមិញ កម្រិតទឹកភ្លៀងបានឡើងខ្ពស់ ធ្វើឲ្យសម្ភារៈទាំងអស់ពីលើកំពូលភ្នំធ្លាក់ចុះមក ប៉ុន្តែថ្ងៃនេះ រហូតមកដល់ពេលនេះ មិនទាន់មានភ្លៀងធ្លាក់នៅឡើយ ដូច្នេះហើយទើបមានសុវត្ថិភាព” ។

គ្មានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ហើយមិនមានការរំខានភ្លាមៗ ចំពោះការធ្វើដំណើរតាមផ្លូវអាកាស នោះដែរ ។

ភ្នំភ្លើងដែលមានកម្ពស់៣.៦៧៦ម៉ែត្រ បានផ្ទុះនៅម៉ោង៧និង៤៦នាទី ម៉ោងសកល ត្រូវនឹងម៉ោង៣និង៤៦ នាទីម៉ោងនៅសិង្ហបុរី កាលពីថ្ងៃអាទិត្យ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top