ព័ត៌មានជាតិ

ព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន ខណៈបេក្ខជនមានបញ្ហាសុខភាព ២៦នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និកីឡា បានឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ ខណៈមានបេក្ខជនមានបញ្ហាសុខភាព ២៦នាក់ ក្នុងនោះសង្ស័យវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤នាក់ ។

ក្រសួងអប់រំបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី៦ ធ្នូ យ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់ មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាពចំនួន ១៣ករណី»។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់ ៕​

To Top