ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្ដចូលរួមទប់ស្កាត់ ឬការពារការចម្លងវិរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ធ្នូ លោក ម៉ម ប៊ុនហេង បានឱ្យដឹងថាឆ្នាំ២០២២ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅកម្ពុជា ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ក្នុងនោះ ការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលបានធ្វើឱ្យមានការបើកដំណើរ ការប្រទេសឡើងវិញនៅក្នុងប្រក្រតីភាពថ្មី។
លោក បន្ដថា ប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេល បុណ្យណូអែល និងចូលឆ្នាំថ្មីសកល២០២៣ខាងមុខនេះ ហើយប្រជាពលរដ្ឋចំនួនទៀត ក៏បានគ្រោងធ្វើដំណើរកំសាន្តនាចុង ឆ្នាំ២០២២នេះផងដែរ។ វីរុសកូវីដ-១៩ ជាវីរុសអត់ស្រមោល ដែលមិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏នៅមិន ទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ។ ជាក់ស្ដែង នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុង តំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងស្លាប់ជារៀងរាល់ថ្ងៃ។
លោក រដ្ឋមន្ដ្រី បញ្ជាក់ថា ដូច្នេះ ដើម្បីបន្តនិរន្តរ៍ ភាពដំណើរការប្រទេសជា បន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍ ដោយបន្តអនុវត្តនូវវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣៨,១៧៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៥,០៣៥នាក់ និងអ្នកស្លាប់ចំនួន ៣,០៥៦នាក់៕