ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងថា មាតុភូមិកម្ពុជា ជាទីជម្រកនៃដង្ហើមជីវិតរបស់លោក ហើយមិនមានហេតុផលអ្វីទាល់តែសោះ ដែលលោក នាំជាតិសាសន៍ណាមួយ មកត្រួតត្រា ឬឈ្លានពានប្រឆាំងនឹងកម្ពុជាឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត ឆែក ប្រចាំកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងផ្លាស់ប្តូរទស្សនៈគ្នាជាមួយ លោក កឹម សុខា នាថ្ងៃទី៦ ធ្នូ នេះ នៅគេហដ្ឋានលោក ក្នុងរាជធានីភ្នំពេញ។
ឆែក គឺជាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលផ្លាស់ប្តូរពីរបបសង្គមនិយមមកជាប្រទេសសេរី ដែលកាន់លទ្ធិប្រជាធិបតេយ្យវិញ និងមានការរីកចម្រើនមិនមែនតែសេដ្ឋកិច្ចទេ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឆែកក៏ប្រសើរជាងមុនច្រើនដែរ។
នាឱកាសនោះ លោក កឹម សុខា លើកឡើងថា ជាការពិត លោកមិនមែនធ្លាប់បានទៅរៀនសូត្រស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងរដ្ឋតែពីប្រទេសសេរី ដូចជា សហរដ្ឋអាមេរិកនោះទេ គឺលោក ក៏ធ្លាប់រៀនសូត្រ ស្វែងយល់ពីការរស់នៅ និងការដឹកនាំក្នុងប្រទេសសង្គមនិយម ដូចជា នៅប្រទេសឆេកូស្លូវ៉ាគី ជាដើម។
លោកយល់ថា សង្គមប្រជាធិបតេយ្យសេរី ដែលឱ្យតម្លៃលើសិទ្ធិមនុស្សប្រសើរជាងរបបកុម្មុយនីស្តផ្តាច់ការ។ ឯការរស់នៅរបស់ លោក ក្នុងប្រទេសកម្ពុជា ជារៀងរហូត ៧០ឆ្នាំមកនេះ លោកក៏បានឆ្លងកាត់ និងស្គាល់ច្បាស់ អំពីការដឹកនាំ មេដឹកនាំ សង្គមកម្ពុជា ប្រជាពលរដ្ឋខ្មែរជាច្រើនរបបនយោបាយគួរសមដែរ។ ជាពិសេស លោក រស់នៅកម្ពុជា បានផ្សារភ្ជាប់ស្វែងយល់ផ្ទាល់ជាមួយសង្គមខ្មែរជាច្រើនស្រទាប់ ទាំង ទីក្រុង និងជនបទ អភិជន និងអ្នកក្រីក្រ មន្ត្រីធំ និងមន្ត្រីមូលដ្ឋាន ជាដើម។
លោក កឹម សុខា បានបញ្ជាក់ថា «ហេតុដូច្នេះហើយការសម្រេចចិត្ត ដែលជាចេតនាពិតរបស់ខ្ញុំ មិនក្លែងបន្លំ គឺមាតុភូមិកម្ពុជា (ទឹកដីខ្មែរ) ជាផ្ទះ ជាជម្រកជាដង្ហើមនៃជីវិតខ្ញុំ គឺខ្ញុំត្រូវតែ ថែរក្សា ការពារ ឱ្យបានសុខដុមរមនា គង់វង្ស។ គឺមិនមានហេតុផលអ្វីទាល់តែសោះ ដែលខ្ញុំនាំជាតិសាសន៍ណា មកត្រួតត្រា ឬបំផ្លិចបំផ្លាញ ឬឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោក បន្ដថា ប្រជាពលរដ្ឋខ្មែរ ជាបងប្អូន ជាសាច់ឈាមរបស់លោក ទោះបីមាននិន្នាការនយោបាយ ឬសង្គមផ្សេងគ្នាក៏ដោយ គឺលោក ត្រូវតែរួមសុខ រួមទុក្ខជាមួយគ្នា អត់ឱនឱ្យគ្នា មិនយកខ្មែរណាជាសត្រូវ មិនគុំគួនសងសឹកគ្នាជាដាច់ខាត។ លោក បញ្ជាក់ទៀតថា «គឺមិនមានហេតុផលអ្វី ដែលខ្ញុំនាំជាតិសាសន៍ដ៏ទៃមកបង្កើតឱ្យមានអំពើប្រទូសរ៉ាយ សង្គ្រាមបង្ហូរឈាមខ្មែរ ជាឈាមរបស់ខ្ញុំដែរសោះឡើយ»៕